
កិច្ចប្រជុំស្តីពី "បច្ចុប្បន្ននៃការអនុវត្តកម្មវិធីការអភិវឌ្ឍភាពជាជាអ្នកដឹកនាំ"
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានកិច្ចការវិក្រឹតការបានរៀបចំកិច្ចប្រជុំស្តីពី "បច្ចុប្បន្នកម្មនៃការអនុវត្តកម្មវិធីការអភិវឌ្ឍភាពជាជាអ្នកដឹកនាំ" នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី NGPRC សាលប្រជុំជាន់លើ (NIE) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា។
វគ្គបណ្តុះបណ្តាល "ការអភិវឌ្ឍភាពជាអ្នកដឹកនាំ" ត្រូវបានអនុវត្តដោយ នាយកដ្ឋានកិច្ចការវិក្រឹតការ សហការជាមួយអង្គការខេប (KAPE)។ មុខវិជ្ជាស្នូល និងជម្រើសក្នុងការបណ្តុះបណ្តាលមាន៖
(១) មុខវិជ្ជាស្នូល៖ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ (LDM) មាន ៦ មេរៀន
(២) មុខវិជ្ជាជម្រើស៖១. ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងការនិយាយជាសាធារណៈ មាន ៤ មេរៀន ២.ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) នៅកន្លែងការងារ មាន ៤ មេរៀន ៣. ការវិភាគទិន្នន័យ និងការសរសេររបាយការណ៍ មាន ៤ មេរៀន
ដើម្បីធានានិរន្តរភាពកម្មវិធីការអភិវឌ្ឍភាពជាអ្នកដឹកនាំ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍គន្លឹះចំនួន ៣ ដល់អគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ និងនាយកដ្ឋានកិច្ចការវិក្រឹតការ៖
- រៀបចំកម្មវិធីបណ្តុះបណ្តាលការអភិវឌ្ឍភាពជាអ្នកដឹកនាំឱ្យមានលក្ខណៈផ្សារភ្ជាប់ជាប្រព័ន្ធ
- បញ្ជ្រាបការបណ្តុះបណ្តាលការអភិវឌ្ឍភាពជាអ្នកដឹកនាំទៅដល់ "គ្រឹះស្ថានអប់រំគ្រូបង្រៀន" និង "សាលាអនុវត្តន៍"
- ពង្រីកវិសាលភាពនៃកម្មវិធីបណ្តុះបណ្តាលការអភិវឌ្ឍភាពជាអ្នកដឹកនាំឱ្យទៅដល់កម្រិត "នាយកសាលារៀន"








