

វិទ្យាស្ថានជាតិអប់រំ
About
គ្រឹះស្ថាន៖ វិទ្យាស្ថានជាតិអប់រំ
- លេខកូដគ្រឹះស្ថាន៖ 0000002589 (តាមប្រព័ន្ធ FMIS)
- នាយកគ្រឹះស្ថាន៖ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា

Director
Photo gallery
Location
អាសយដ្ឋាន៖ អាសយដ្ឋានលេខ១២៣ មហាវិថីព្រះនរោត្តម ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖
History
ដំណាក់កាលដំបូងនៃវិទ្យាស្ថានជាតិអប់រំមុនឆ្នាំ១៩៧៥
វិទ្យាស្ថានជាតិអប់រំ បច្ចុប្បន្ន គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនមួយក្នុងចំណោមគ្រឹះស្ថាន បណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា មានអាយុកាលជាង១០០ឆ្នាំ ហើយបានផ្លាស់ប្តូរឈ្មោះ និងភារកិច្ចនៃការបណ្តុះបណ្តាលជាបន្តបន្ទាប់ ទៅតាមការវិវត្តនៃដំណាក់កាល ប្រវត្តិអប់រំនៅកម្ពុជា ដែលការផ្លាស់ប្តូរទាំងនេះមានដូចខាងក្រោម៖
កាលដើមឡើយ វិទ្យាស្ថាននេះមានឈ្មោះថា សាលាបឋមសិក្សាហ្វ្រង់ស្វាប៊ូដឺវាំង (L'école Français Baudoin) បង្កើតក្នុងឆ្នាំ១៩១៤ មានភារកិច្ចបណ្តុះបណ្តាលសិស្សបឋមសិក្សា ដូចសាលាបឋមសិក្សានរោត្តម (L' école Norodom) សាលាបឋមសិក្សាឌូដាដឺឡាគ្រេ (L' école Doudart de Lagrée) សាលាបឋមសិក្សាហ្វ្រង់ស៊ីគ្ហាញេ (L' école Francis Gamier) និងសាលាបឋមសិក្សាមាលិកា (L' école Malika) ជាដើម។ ប្រកាសអារេតេ(arrêté) ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩២២ បានប្រែក្លាយសាលាបឋមសិក្សាហ្វ្រង់ស្វាប៊ូដឺវាំងនេះទៅជាផ្នែកគរុវិជ្ជា (Section Normale) ឬហៅថាផ្នែកគរុវិជ្ជាខាងត្បូង ដែលជាឧបសម្ព័ន្ធនៃអនុវិទ្យាល័យស៊ីសុវត្ថិ ដែលមានតួនាទីបណ្តុះបណ្តាលគ្រូបឋមសិក្សា សម្រាប់បង្រៀនក្នុងសាលារដ្ឋ។ ក្រឹត្យលេខ១៩៨២ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៤៣ បានប្រែក្លាយផ្នែកគរុវិជ្ជានេះ ទៅជាសាលាគរុវិជ្ជាភ្នំពេញ (L'ecole Normale à Phnom Penh) ដែលមានភារកិច្ចបណ្តុះបណ្តាលគ្រូបឋមសិក្សាជាន់ខ្ពស់ (សាលាអនុវិទ្យាល័យ) ក្នុងប្រទេសកម្ពុជា។ ព្រះរាជក្រឹត្យលេខ៤៣៨ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៨ បានប្រែក្លាយសាលាគរុវិជ្ជាភ្នំពេញទៅជាវិជ្ជាជាតិខាងគរុកោសល្យ មានទីតាំងនៅភ្នំពេញ ដែលជាប្រភេទគ្រឹះស្ថានសិក្សាជាន់ខ្ពស់ខាងគរុកោសល្យមានភារកិច្ច (១) បណ្តុះបណ្តាលលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន (២) បណ្តុះបណ្តាលលើកកម្ពស់វិជ្ជាជីវៈសាស្រ្តាចារ្យបឋមភូមិ និង (៣) មជ្ឈមណ្ឌលស្រាវជ្រាវ ប្រមូលឯកសារខាងគរុកោសល្យ។ ពីរឆ្នាំក្រោយមក សាលានេះមានឈ្មោះថា វិទ្យាស្ថានជាតិគរុកោសល្យ តាមព្រះរាជក្រមលេខ៣៦៧ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៦០ ជាឧបសម្ព័ន្ធរបស់សកលវិទ្យាល័យខេមរភូមិន្ទ (សកលវិទ្យាល័យភូមិន្ទភ្នំពេញ)។ ព្រះរាជក្រមលេខ២២៤ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦៥ វិទ្យាស្ថានជាតិគរុកោសល្យនេះ បានប្រែក្លាយជាមហាវិទ្យាល័យគរុកោសល្យ ក្នុងចំណោមមហាវិទ្យាល័យ៥ផ្សេងទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មហាវិទ្យាល័យនេះ មានភារកិច្ច បណ្តុះបណ្តាលនិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រពីសកលវិទ្យាភូមិន្ទភ្នំពេញ ដើម្បីក្លាយជាគ្រូបង្រៀននៅមធ្យមសិក្សាទុតិយភូមិ បឋមភូមិ និងបណ្តុះបណ្តាលអធិការកិច្ចអប់រំ។ សកម្មភាពបណ្តុះបណ្តាលនេះបានបន្តរហូតដល់របបខ្មែរក្រហមចូលគ្រប់គ្រងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥ ហើយក៏ត្រូវបានបិទទ្វារដូចគ្រឹះស្ថានអប់រំដទៃទៀតនៅទូទាំងប្រទេសផងដែរ។ ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់មុនថ្ងៃរំដោះ៧ មករា ១៩៧៩ អគារនៃមហាវិទ្យាល័យមួយនេះ បានក្លាយជាឃ្លាំងសម្រាប់រក្សាទុកម៉ាស៊ីនចាស់ៗ គ្រប់ប្រភេទ និងសម្ភារៈផ្សេងទៀតដែលខូចប្រើការពុំកើត ហើយក្នុងបរិវេណសាលាទាំងមូល ក៏មានសភាពស្ងាត់ជ្រងំ ព្រមទាំងមានការដាំដើមដូងយ៉ាងច្រើនសន្ធឹកសន្ធាប់។
ដំណាក់កាលនៃការបើកទ្វារវិទ្យាស្ថានជាតិអប់រំឡើងវិញ ដើម្បីស្តារវិស័យអប់រំ ក្រោយឆ្នាំ១៩៧៩
លិខិតលេខ៣២ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៧៩ របស់ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ស្តីពីការបង្កើតទីស្តីការក្រសួងអប់រំ និងរចនាសម្ព័ន្ធនានា ដើម្បីស្តារវិស័យអប់រំឡើងវិញ ក្រោយពេលអាក់ខានជាង៣ឆ្នាំកន្លងមក អតីតមហាវិទ្យាល័យគរុកោលស្យត្រូវបានប្រើប្រាស់ជាសាលានយោបាយស្ថិតនៅក្រោមការគ្រប់ គ្រងផ្ទាល់របស់ក្រសួងអប់រំជាតិ ហើយបានរៀបចំបោសសម្អាតជួសជុលបន្ទប់រៀន រៀបចំតុ កៅអី ក្តារខៀន និងសម្ភារៈនានា សម្រាប់ដំណើរការវិក្រឹតការគ្រូបង្រៀន បំប៉នវគ្គនយោបាយ និងបច្ចេកទេសដល់កម្មាភិ បាល បុគ្គលិកដែលចូលបម្រើការក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ សេចក្តីសម្រេចលេខ ៣៦៨-៨០ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៨០ របស់ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា បានប្រែក្លាយសាលានយោបាយនេះ ទៅជាសាលាគរុកោសល្យ និងវិក្រឹតការមជ្ឈិម ដែលមានភារកិច្ចបណ្តុះបណ្តាល និងវិក្រឹត្យការជំនាញខាងគ្រប់គ្រងការអប់រំ និងជំនាញគរុកោសល្យដល់កម្មាភិបាលទទួលបន្ទុកមន្ទីរអប់រំខេត្ត-ក្រុង នាយក នាយករង សាលារៀន និងគ្រូបង្រៀន។
អនុក្រឹត្យលេខ៨ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៨៦ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីបានកែប្រែសាលាគរុកោ សល្យ និងវិក្រឹតការមជ្ឈិម ទៅជាសាលាជាន់ខ្ពស់កម្មាភិបាលគ្រប់គ្រងអប់រំ មានឋានៈថ្នាក់ស្មើនាយកដ្ឋាន។ សាលាជាន់ខ្ពស់កម្មាភិបាលគ្រប់គ្រងអប់រំ មានភារកិច្ចជាមជ្ឈមណ្ឌលអប់រំនយោបាយ វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេសគ្រប់គ្រង និងមុខជំនាញវិជ្ជាជីវ:កម្រិតឧត្តមសិក្សា ជូនដល់កម្មាភិបាលគ្រប់គ្រងវិស័យអប់រំ និងមានភារកិច្ចជាក់ស្ដែងដូចជា (១) ការបណ្តុះបណ្តាល វិក្រឹតការកម្មាភិបាលគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ចាប់ពីនាយកសាលាកម្រិតសិក្សាទី២ និងកម្មាភិបាលការិយាល័យអប់រំស្រុកឡើងទៅ (២) បំប៉នគ្រប់មុខជំនាញបម្រើឱ្យវិស័យអប់រំ និង (៣) ស្រាវជ្រាវវិទ្យាសាស្ត្រគ្រប់គ្រងអប់រំ ហើយមាន៥ការិយាល័យ (១) ការិយាល័យរដ្ឋបាល និងបូកសរុប (២) ការិយាល័យចាត់តាំង និងបណ្តុះបណ្តាល (៣) ការិយាល័យសិក្សា (៤) ការិយាល័យស្រាវជ្រាវ និង (៥) ការិយាល័យគណនេយ្យ និងជីវភាព។
អនុក្រឹត្យលេខ៣៤អនក្រ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩២ បានប្រែក្លាយសាលាជាន់ខ្ពស់កម្មាភិបាលគ្រប់គ្រងអប់រំ ទៅជាមហាវិទ្យាល័យគរុកោសល្យវិញ ដូចឆ្នាំ១៩៦៥ សម្រាប់បណ្ដុះបណ្ដាលនិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឆ្នាំសិក្សា១៩៩៥-១៩៩៦ បានចាប់ផ្តើមបំពេញតួនាទីនិងមុខងាររបស់ខ្លួន ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនជាលើកដំបូង សម្រាប់វិទ្យាល័យទូទាំងប្រទេសក្រោមរូបមន្តបរិញ្ញាបត្រ+មួយ (BA+1) បណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំង-ខ្មែរ សម្រាប់អនុវិទ្យាល័យតាមរូបមន្ត (12+2) និងបណ្តុះបណ្តាលអធិការកិច្ចអប់រំគ្រប់កម្រិត។
អនុក្រឹត្យលេខ០៤ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៤ ក្រសួងអប់រំ យុវជន និងកីឡា បានប្រែក្លាយពីមហាវិទ្យាល័យគរុកោសល្យ ទៅជាវិទ្យាស្ថានជាតិអប់រំ (National Institute of Education) ដើម្បីបង្កើនសកម្មភាពបណ្តុះបណ្តាល មានកម្មវិធីច្រើនជាងមុនដូចជា (១) បរិញ្ញាបត្រ+១ (២) គ្រូបង្រៀនភាសាបារាំងខ្មែរ (១២+២) (៣) បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ (៤) បណ្ឌិតគ្រប់គ្រងអប់រំ (៥) អធិការកិច្ចអប់រំ (៦) នាយកសាលាមធ្យមសិក្សាទុតិយភូមិ (៧) បរិញ្ញាបត្រជាន់ខ្ពស់ប្រឹក្សាគរុកោសល្យ និង (៨)បរិញ្ញាបត្រជាន់ខ្ពស់វិធីសាស្រ្តបង្រៀនភាសាបារាំងជាដើម។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់វិទ្យាស្ថានជាតិអប់រំ រួមមាន (១) ដេប៉ាតឺម៉ង់អប់រំ (២) ដេប៉ាតឺម៉ង់គ្រប់គ្រង និងផែនការអប់រំ (៣) ការិយាល័យសិក្សា (៤)ការិយាល័យរដ្ឋបាល (៥) ការិយាល័យបុគ្គលិក (៦) ការិយាល័យគណនេយ្យ និង(៧) ការិយាល័យស្រាវជ្រាវ។
ដំណាក់កាលបរិវត្តកម្មឌីជីថលនៃវិទ្យាស្ថានជាតិអប់រំ
យោងតាមអនុក្រឹត្យលេខ១៨៩ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វិទ្យាស្ថានជាតិអប់រំបានប្រែក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាព ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន និងភាពជាអ្នកដឹកនាំ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ និងលើកកម្ពស់ការបង្រៀន និងរៀន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេស និងលើកស្ទួយអត្តសញ្ញាណជាតិ។ រចនាសម្ព័ន្ធថ្មីនេះ រួមមាន ក្រុមប្រឹក្សាពិគ្រោះយោបល់ ក្រុមប្រឹក្សាវិទ្យាសាស្រ្ត និងមាន(១) មហាវិទ្យាល័យគរុកោសល្យ (២) មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ (៣)សាលាក្រោយបរិញ្ញាបត្រ និង(៤)អង្គភាពកិច្ចការទូទៅ ដែលមានឋានៈស្មើនឹងនាយកដ្ឋានថ្នាក់កណ្តាល។ ជាមួយគ្នានេះ ក៏មានការិយាល័យ ដេប៉ាតឺម៉ង់ និងបណ្ណាល័យមួយចំនួនទៀត ដើម្បីគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានជាតិអប់រំ ឱ្យឆ្លើយតបទៅនឹងបរិបទអប់រំសតវត្សរ៍ទី២១៕
Vision
ជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការអប់រំគ្រូបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈ និងការស្រាវជ្រាវ។
Mission
លើកកម្ពស់ការបង្រៀន និងរៀន សម្រាប់សតវត្សរ៍ទី២១ និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ របស់គ្រូបង្រៀន អ្នកដឹកនាំផ្នែកអប់រំ និងអ្នកស្រាវជ្រាវកម្ពុជា។
Contact
- Website:
- https://nie.edu.kh/
- Phone Number:
- 023 238 816
- Email:
- info@nie.edu.kh
- Facebook Page:
- វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ
Last updated: May 27, 2026, 8:21 AM