logo

វិទ្យាស្ថានជាតិអប់រំ

ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា

ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា

Director

គ្រឹះស្ថាន៖ វិទ្យាស្ថានជាតិអប់រំ 

- លេខកូដគ្រឹះស្ថាន៖ 0000002589 (តាមប្រព័ន្ធ FMIS) 

- នាយកគ្រឹះស្ថាន៖ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា 

Photo gallery

Location

អាសយដ្ឋាន៖ អាសយដ្ឋានលេខ១២៣ មហាវិថីព្រះនរោត្តម ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

History

ដំណាក់កាលដំបូងនៃវិទ្យាស្ថានជាតិអប់រំមុនឆ្នាំ១៩៧៥

វិទ្យាស្ថានជាតិអប់រំ​ បច្ចុប្បន្ន គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនមួយក្នុងចំណោមគ្រឹះស្ថាន       បណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា​ ​មានអាយុកាលជាង១០០ឆ្នាំ​ ហើយបានផ្លាស់ប្តូរឈ្មោះ និងភារកិច្ចនៃការបណ្តុះបណ្តាលជាបន្តបន្ទាប់ ទៅតាមការវិវត្តនៃដំណាក់កាល ប្រវត្តិអប់រំនៅកម្ពុជា ដែលការផ្លាស់ប្តូរទាំងនេះមានដូចខាងក្រោម៖

កាលដើមឡើយ វិទ្យាស្ថាននេះមានឈ្មោះថា សាលាបឋមសិក្សាហ្វ្រង់ស្វាប៊ូដឺវាំង (L'école Français Baudoin) បង្កើតក្នុងឆ្នាំ១៩១៤ មានភារកិច្ចបណ្តុះបណ្តាលសិស្សបឋមសិក្សា​ ដូចសាលាបឋមសិក្សានរោត្តម (L' école Norodom) សាលាបឋមសិក្សាឌូដាដឺឡាគ្រេ​ (L' école Doudart de Lagrée) សាលាបឋមសិក្សាហ្វ្រង់ស៊ីគ្ហាញេ (L' école Francis Gamier) និងសាលាបឋមសិក្សាមាលិកា (L' école Malika) ជាដើម។ ប្រកាសអារេតេ(arrêté) ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩២២ បានប្រែក្លាយសាលាបឋមសិក្សាហ្វ្រង់ស្វាប៊ូដឺវាំងនេះទៅជាផ្នែកគរុវិជ្ជា (Section Normale) ឬហៅថាផ្នែកគរុវិជ្ជាខាងត្បូង  ដែលជាឧបសម្ព័ន្ធនៃអនុវិទ្យាល័យស៊ីសុវត្ថិ ដែលមានតួនាទីបណ្តុះបណ្តាលគ្រូបឋមសិក្សា សម្រាប់បង្រៀនក្នុងសាលារដ្ឋ។ ក្រឹត្យលេខ១៩៨២ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៤៣ បានប្រែក្លាយផ្នែកគរុវិជ្ជានេះ ទៅជាសាលាគរុវិជ្ជាភ្នំពេញ (L'ecole Normale à Phnom Penh) ដែលមានភារកិច្ចបណ្តុះបណ្តាលគ្រូបឋមសិក្សាជាន់ខ្ពស់ (សាលាអនុវិទ្យាល័យ) ក្នុងប្រទេសកម្ពុជា។ ព្រះរាជក្រឹត្យលេខ៤៣៨​ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៨  បានប្រែក្លាយសាលាគរុវិជ្ជាភ្នំពេញទៅជាវិជ្ជាជាតិខាងគរុកោសល្យ​ មានទីតាំងនៅភ្នំពេញ ដែលជាប្រភេទគ្រឹះស្ថានសិក្សាជាន់ខ្ពស់ខាងគរុកោសល្យមានភារកិច្ច (១) បណ្តុះបណ្តាលលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន (២) បណ្តុះបណ្តាលលើកកម្ពស់វិជ្ជាជីវៈសាស្រ្តាចារ្យបឋមភូមិ និង​ (៣) មជ្ឈមណ្ឌលស្រាវជ្រាវ ប្រមូលឯកសារខាងគរុកោសល្យ។ ពីរឆ្នាំក្រោយមក សាលានេះមានឈ្មោះថា វិទ្យាស្ថានជាតិគរុកោសល្យ តាមព្រះរាជក្រមលេខ៣៦៧ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៦០ ជាឧបសម្ព័ន្ធរបស់សកលវិទ្យាល័យខេមរភូមិន្ទ​ (សកលវិទ្យាល័យភូមិន្ទភ្នំពេញ)។ ព្រះរាជក្រមលេខ២២៤ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦៥ វិទ្យាស្ថានជាតិគរុកោសល្យនេះ បានប្រែក្លាយជាមហាវិទ្យាល័យគរុកោសល្យ​​ ក្នុងចំណោមមហាវិទ្យាល័យ៥ផ្សេងទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មហាវិទ្យាល័យនេះ​ មានភារកិច្ច         បណ្តុះបណ្តាលនិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រពីសកលវិទ្យាភូមិន្ទភ្នំពេញ ដើម្បីក្លាយជាគ្រូបង្រៀននៅមធ្យមសិក្សាទុតិយភូមិ បឋមភូមិ និងបណ្តុះបណ្តាលអធិការកិច្ចអប់រំ។ សកម្មភាពបណ្តុះបណ្តាលនេះបានបន្តរហូតដល់របបខ្មែរក្រហមចូលគ្រប់គ្រងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥ ហើយក៏ត្រូវបានបិទទ្វារដូចគ្រឹះស្ថានអប់រំដទៃទៀតនៅទូទាំងប្រទេសផងដែរ។ ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់មុនថ្ងៃរំដោះ​៧ មករា​ ១៩៧៩ អគារនៃមហាវិទ្យាល័យមួយនេះ បានក្លាយជាឃ្លាំងសម្រាប់រក្សាទុកម៉ាស៊ីនចាស់ៗ គ្រប់ប្រភេទ និងសម្ភារៈ​​ផ្សេងទៀតដែលខូចប្រើការពុំកើត ហើយក្នុងបរិវេណសាលាទាំងមូល ក៏មានសភាពស្ងាត់ជ្រងំ ព្រមទាំងមានការដាំដើមដូងយ៉ាងច្រើនសន្ធឹកសន្ធាប់។

ដំណាក់កាលនៃការបើកទ្វារវិទ្យាស្ថានជាតិអប់រំឡើងវិញ  ដើម្បីស្តារវិស័យអប់រំ ក្រោយឆ្នាំ១៩៧៩

លិខិតលេខ៣២ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៧៩ របស់ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា​ ស្តីពីការបង្កើតទីស្តីការក្រសួងអប់រំ និងរចនាសម្ព័ន្ធនានា ដើម្បីស្តារវិស័យអប់រំឡើងវិញ ក្រោយពេលអាក់ខានជាង៣ឆ្នាំកន្លងមក​ អតីតមហាវិទ្យាល័យគរុកោលស្យត្រូវបានប្រើប្រាស់ជាសាលានយោបាយស្ថិតនៅក្រោមការគ្រប់ គ្រងផ្ទាល់របស់ក្រសួងអប់រំជាតិ ហើយបានរៀបចំបោសសម្អាតជួសជុលបន្ទប់រៀន រៀបចំតុ កៅអី ក្តារខៀន និងសម្ភារៈនានា សម្រាប់ដំណើរការវិក្រឹតការគ្រូបង្រៀន បំប៉នវគ្គនយោបាយ និងបច្ចេកទេសដល់កម្មាភិ      បាល បុគ្គលិកដែលចូលបម្រើការក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ សេចក្តីសម្រេចលេខ        ៣៦៨-៨០ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៨០ របស់ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា បានប្រែក្លាយសាលានយោបាយនេះ ទៅជាសាលាគរុកោសល្យ និងវិក្រឹតការមជ្ឈិម ដែលមានភារកិច្ចបណ្តុះបណ្តាល និងវិក្រឹត្យការជំនាញខាងគ្រប់គ្រងការអប់រំ និងជំនាញគរុកោសល្យដល់កម្មាភិបាលទទួលបន្ទុកមន្ទីរអប់រំខេត្ត-ក្រុង នាយក នាយករង សាលារៀន និងគ្រូបង្រៀន។

អនុក្រឹត្យលេខ៨​ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៨៦ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីបានកែប្រែសាលាគរុកោ        សល្យ និងវិក្រឹតការមជ្ឈិម ទៅជាសាលាជាន់ខ្ពស់កម្មាភិបាលគ្រប់គ្រងអប់រំ មានឋានៈថ្នាក់ស្មើនាយកដ្ឋាន។ សាលាជាន់ខ្ពស់កម្មាភិបាលគ្រប់គ្រងអប់រំ មានភារកិច្ចជាមជ្ឈមណ្ឌលអប់រំនយោបាយ វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេសគ្រប់គ្រង និងមុខជំនាញវិជ្ជាជីវ:កម្រិតឧត្តមសិក្សា ជូនដល់កម្មាភិបាលគ្រប់គ្រងវិស័យ​អប់រំ និងមានភារកិច្ចជាក់ស្ដែងដូចជា (១) ការបណ្តុះបណ្តាល វិក្រឹតការកម្មាភិបាលគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ចាប់ពីនាយកសាលាកម្រិតសិក្សាទី២ និងកម្មាភិបាលការិយាល័យអប់រំស្រុកឡើងទៅ (២) បំប៉នគ្រប់មុខជំនាញបម្រើឱ្យវិស័យអប់រំ និង (៣) ស្រាវជ្រាវវិទ្យាសាស្ត្រគ្រប់គ្រងអប់រំ ហើយមាន៥ការិយាល័យ ​ (១) ការិយាល័យរដ្ឋបាល និងបូកសរុប (២) ការិយាល័យចាត់តាំង និងបណ្តុះបណ្តាល (៣) ការិយាល័យសិក្សា (៤) ការិយាល័យស្រាវជ្រាវ និង (៥) ការិយាល័យគណនេយ្យ និងជីវភាព។

អនុក្រឹត្យលេខ៣៤អនក្រ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩២ បានប្រែក្លាយសាលាជាន់ខ្ពស់កម្មាភិបាលគ្រប់គ្រងអប់រំ ទៅជាមហាវិទ្យាល័យគរុកោសល្យវិញ ដូចឆ្នាំ១៩៦៥ សម្រាប់បណ្ដុះបណ្ដាលនិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឆ្នាំសិក្សា១៩៩៥-១៩៩៦ បានចាប់ផ្តើមបំពេញតួនាទីនិងមុខងាររបស់ខ្លួន ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនជាលើកដំបូង សម្រាប់វិទ្យាល័យទូទាំងប្រទេសក្រោមរូបមន្តបរិញ្ញាបត្រ+មួយ​ (BA+1) បណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំង-ខ្មែរ សម្រាប់​អនុវិទ្យាល័យតាមរូបមន្ត (12+2) និងបណ្តុះបណ្តាលអធិការកិច្ចអប់រំគ្រប់កម្រិត។

អនុក្រឹត្យលេខ០៤ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៤ ក្រសួងអប់រំ យុវជន និងកីឡា បានប្រែក្លាយពីមហាវិទ្យាល័យគរុកោសល្យ ទៅជាវិទ្យាស្ថានជាតិអប់រំ (National Institute of Education) ដើម្បីបង្កើនសកម្មភាពបណ្តុះបណ្តាល មានកម្មវិធីច្រើនជាងមុនដូចជា (១)​ បរិញ្ញាបត្រ+១ (២) គ្រូបង្រៀនភាសាបារាំងខ្មែរ​ (១២+២) (៣) បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ (៤) បណ្ឌិតគ្រប់គ្រងអប់រំ (៥) អធិការកិច្ចអប់រំ (៦) នាយកសាលាមធ្យមសិក្សាទុតិយភូមិ (៧) បរិញ្ញាបត្រជាន់ខ្ពស់ប្រឹក្សាគរុកោសល្យ និង (៨)បរិញ្ញាបត្រជាន់ខ្ពស់វិធីសាស្រ្តបង្រៀនភាសាបារាំងជាដើម។ រចនាសម្ព័ន្ធគ្រប់គ្រង​របស់វិទ្យាស្ថានជាតិអប់រំ រួមមាន (១) ដេប៉ាតឺម៉ង់អប់រំ (២) ដេប៉ាតឺម៉ង់​គ្រប់គ្រង និងផែនការអប់រំ (៣) ការិយាល័យសិក្សា (៤)ការិយាល័យរដ្ឋបាល (៥) ការិយាល័យបុគ្គលិក (៦) ការិយាល័យ​​គណនេយ្យ និង(៧) ការិយាល័យស្រាវជ្រាវ។

ដំណាក់កាលបរិវត្តកម្មឌីជីថលនៃវិទ្យាស្ថានជាតិអប់រំ

យោងតាមអនុក្រឹត្យលេខ១៨៩ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វិទ្យាស្ថានជាតិអប់រំបានប្រែក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាព ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន និ​​​ង​​​​​ភាពជា​​​អ្នកដឹកនាំ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ និងលើកកម្ពស់ការបង្រៀន និងរៀន​ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេស និង​លើក​​​​​​ស្ទួយអត្តសញ្ញាណជាតិ។ រចនាសម្ព័ន្ធថ្មីនេះ រួមមាន​ ក្រុម​ប្រឹក្សាពិគ្រោះយោបល់ ក្រុមប្រឹក្សាវិទ្យាសាស្រ្ត និងមាន(១)​ មហាវិទ្យាល័យ​គរុកោសល្យ (២) មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ (៣)សាលាក្រោយបរិញ្ញាបត្រ និង(៤)អង្គភាពកិច្ចការទូទៅ ដែលមានឋានៈស្មើនឹងនាយកដ្ឋានថ្នាក់កណ្តាល។ ជា​មួយ​គ្នានេះ ​ក៏មានការិយាល័យ ដេប៉ាតឺម៉ង់ និងបណ្ណាល័យមួយចំនួនទៀត ដើម្បីគាំទ្រដល់កម្មវិធីបណ្ដុះ​បណ្ដាល​​របស់វិទ្យាស្ថានជាតិអប់រំ ឱ្យឆ្លើយតបទៅនឹងបរិបទអប់រំសតវត្សរ៍ទី២១៕

Vision

ជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការអប់រំគ្រូបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈ និងការស្រាវជ្រាវ។

Mission

លើកកម្ពស់ការបង្រៀន និងរៀន​ សម្រាប់សតវត្សរ៍ទី២១ និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ របស់គ្រូបង្រៀន អ្នកដឹកនាំផ្នែកអប់រំ និងអ្នកស្រាវជ្រាវកម្ពុជា។

Contact

Last updated: Apr 23, 2026, 4:44 AM